[helpme_custom_heading custom_heading_text1=”សមាគមមនុស្សចាស់ (សមច)”]

សមាគមមនុស្សចាស់(OPA) គឺជាស្ថាប័នអង្គការសហគមន៍មូលដ្ឋាន មានមុខងារចម្រុះ ដែលដឹកនាំ និងគ្រប់គ្រងដោយអ្នកស្ម័គ្រចិត្តក្នុងភូមិ។ គោលបំណងនៃការជួយគាំទ្រសមាគមនុស្សចាស់ ពីអង្គការមនុស្សចាស់កម្ពុជាគឺ ដើម្បីឱ្យសមាគមទាំងនេះមានភាពរឹងមាំដោយខ្លួនឯងក្នុងការស្វែងរកដំណោះស្រាយមូលដ្ឋានចំពោះបញ្ហាប្រឈមនានានៅតាមសហគមន៍ និងភាពងាយរងគ្រោះរបស់មនុស្សចាស់ និងគ្រួសាររបស់ពួកគេ។

សមាគមមនុស្សចាស់បានផ្តល់នូវវេទិកាមួយដើម្បីការគាំពារសង្គមក្រៅផ្លូវការសម្រាប់មនុស្សចាស់ និងសហគមន៍របស់ពួកគេ។ តាមរយៈស្ថាប័នអង្គការសហគមន៍មូលដ្ឋាននេះ មនុស្សចាស់ និងគ្រួសាររបស់ពួកគាត់ អាចលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពតាមរយៈការអនុវត្តសកម្មភាពអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាព។ សមាគមមនុស្សចាស់ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាថាជាយន្តការដ៏មានសុវត្ថិភាពមួយ ដែលផ្តោតលើការដោះស្រាយបញ្ហាសង្គម និងកិច្ចគាំពារសុខុមាលភាពរបស់មនុស្សចាស់។ អង្គការមនុស្សចាស់កម្ពុជាក៏បានបន្តផ្តល់យោបល់ជា​បច្ចេកទេស និងការគាំទ្រក្នុងភាពជាដៃគូរបស់រាជរដ្ឋាភិបាលផងដែរ។

មកដល់ពេលនេះ អង្គការមនុស្សចាស់បានជួយបង្កើតសមាគមមនុស្សចាស់ចំនួន ១៦០សមាគម ដែលមានសមាជិកច្រើនជាង ១៦០០នាក់បានចូលរួម ។ ក្នុងនោះសមាជិកជាស្ត្រីមានជាង ៦០% និង ៦០%នៃប្រធានសមាគមមនុស្សចាស់ មានអាយុលើសពី ៥៥ ឆ្នាំ។ អង្គការមនុស្សចាស់កម្ពុជាបានរៀបចំសិក្ខាសាលារៀនសូត្រដល់សមាគមមនុស្សចាស់ ក្នុងគោលបំណងដើម្បីអប់រំ និងកែលម្អសកម្មភាពអភិវឌ្ឍសហគមន៍មូលដ្ឋាន និងដើម្បីលើកកម្ពស់ជីវភាពរបស់មនុស្សចាស់ និងគ្រួសាររបស់ពួកគេ។ កម្មវិធីនេះមានគោលបំណងកាត់បន្ថយហានិភ័យនៃភាពក្រីក្រ ការមិនរាប់បញ្ចូលទៅក្នុងសង្គមរបស់គ្រួសារក្រីក្រដែលមានមនុស្សចាស់ និងផ្តល់នូវការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ និងអាជ្ញាធររាជរដ្ឋាភិបាល។

អង្គការមនុស្សចាស់កម្ពុជាបន្តអភិវឌ្ឍដំណោះស្រាយបន្ថែមទៀតដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើតមានរបស់មនុស្សវ័យចាស់នៅកម្ពុជា និងពង្រឹងសមត្ថភាពសមាគមមនុស្សចាស់ក្នុងការគ្រប់គ្រងហានិភ័យ។

[helpme_custom_heading custom_heading_text1=”សមាគមសហព័ន្ធមនុស្សចាស់ (OPAF)”]

សហព័ន្ធមនុស្សចាស់ កើតចេញសមាគមមនុស្សចាស់ចំនួន ៥ ឬច្រើនរួមបញ្ចូលគ្នា។ សហព័ន្ធមនុស្សចាស់បានផ្តល់នូវវេទិកាដ៏សំខាន់មួយដល់មនុស្សចាស់ ឲ្យកាន់តែប្រសើរក្នុងការចែករំលែកចំណេះដឹង និងពង្រីកសកម្មភាពរួមរបស់សមាគមមនុស្សចាស់។

ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមក OPAs បានកលាយទៅជាយន្តការគាំទ្រ និងបណ្តាញសុវត្ថិភាពមួយដើម្បីលើកកម្ពស់សុខុមាលភាពរបស់មនុស្សចាស់តាមរយៈសកម្មភាពសមូហភាពដែលផ្តល់ផលប្រយោជន៍ដល់ខ្លួនឯង និងសហគមន៍របស់ពួកគេ។

ការបង្កើតសហព័ន្ធនាំមកនូវការរួបរួមគ្នារបស់សមាគមមនុស្សចាស់ ដើម្បីបន្លឺឡើងនូវបញ្ហារបស់មនុស្សចាស់ និងចូលរួមអភិវឌ្ឍសហគមន៍។ ធនធានជាច្រើនត្រូវបានផ្តល់ឲ្យទៅសហព័ន្ធមនុស្សចាស់ដើម្បីពង្រឹងសមត្ថភាពសហព័ន្ធឲ្យកាន់តែរឹងមាំ និងរួបរួមគ្នាឆ្លើយតបចំពោះបញ្ហារបស់មនុស្សចាស់។

អង្គការមនុស្សចាស់កម្ពុជាជម្រុញឲ្យមានការបញ្ជ្រាបយេនឌ័រនៅក្នុង OPA និងសមាជិកភាពរបស់សហព័ន្ធ ដើម្បីឆ្លុះបញ្ចាំងពីសំលេងស្មើគ្នារបស់បុរស និងស្ត្រីនៅក្នុងសហគមន៍។ សមាគមសហព័ន្ធ ទទួលបានប្រាក់ចំណូលពីការជួលត្រាក់ទ័រ និងសកម្មភាពរៃអង្គាសប្រាក់។ ពួកគេរួមគ្នាដើម្បីជួបជាមួយអាជ្ញាធរមូលដ្ឋានដើម្បីប្រឆាំងនឹងការរើសអើងមនុស្សចាស់តាមរយៈ យុទ្ធនាការស្វែងរកការគាំទ្រ ជាសកល។

មកទល់បច្ចុប្បន្ន អង្គការមនុស្សចាស់បានចូលរួមគាំទ្រ ការបង្កើតសមាគមសហព័ន្ធមនុស្សចាស់ចំនួន ៨ ដោយមានសមាជិកប្រមាណជាង ១៧,០០០នាក់ ដោយក្នុងនោះ ៦០%ជាស្ត្រី។ សហព័ន្ធទាំងអស់បានចុះបញ្ជីរួចរាល់ជាផ្លូវការជាមួយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។