[helpme_custom_heading custom_heading_text1=”ការថែទាំសុខភាព” custom_heading_text2=”-” custom_heading_text3=”ការអប់រំសុខភាពបឋម”]

អង្គការមនុស្សចាស់កម្ពុជា មានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើផ្នែកសុខភាព និងដំណើរការយ៉ាងសកម្មនៅកម្មវិធីអប់រំសុខភាពបឋមនៅតាមភូមិមួយចំនួន។

ការអប់រំសុខភាពបឋម គឺជាសេវាកម្មផ្សព្វផ្សាយសុខភាពរយៈពេលមួយថ្ងៃសម្រាប់សមាគមមនុស្សចាស់។ ការអប់រំសុខភាពបឋម បានផ្តល់ទាំងការត្រួតពិនិត្យសុខភាពជាបឋម និងការអប់រំស្តីពីការការពារជំងឺ។

បញ្ហាសុខភាពទូទៅដែលមនុស្សចាស់តែងជួបប្រទះរួមមាន ជំងឺលើសឈាម ឈឺសន្លាក់ ឈឺសាច់ដុំ ទឹកនោមផ្អែម ការចងចាំចុះខ្សោយ ដាច់សរសៃឈាមខួរក្បាល និងឈឺក្រពះ។ នៅប្រទេសកម្ពុជាបុរស និងស្ត្រីវ័យចាស់ ច្រើនតែមិនប្រើប្រាស់សេវាមណ្ឌលសុខភាពមូលដ្ឋានដោយសារកត្តាជាច្រើនដូចជាចម្ងាយ និងការចំណាយជាដើម។ មនុស្សចាស់ច្រើនតែចូលចិត្តទទួលយកការព្យាបាលដោយគ្រូថ្នាំបុរាណនៅក្នុងភូមិ។

នៅឆ្នាំ ២០១៤ អង្គការមនុស្សចាស់កម្ពុជាបានឧបត្ថម្ភឧបករណ៍វ៉ាស់សម្ពាធឈាមចំនួន ១៥០គ្រឿង ទៅកាន់អ្នកស្មគ្រចិត្តសុខភាពភូមិចំនួន ១៣៥នាក់ និងបុគ្គលិកមណ្ឌលសុខភាពចំនួន ១២ ដើម្បីធ្វើការបណ្តុះបណ្តាលទៅលើជម្ងឺមិនឆ្លង ដោយមានទាំងការពិនិត្យសម្ពាធឈាមឲ្យអ្នកចូលរួមចំនួន ១៨២នាក់ (១១៩នាក់ជាបុរស និង៦៣នាក់ជាស្ត្រី) ដែលជាការស្នើសុំរបស់ក្រុមគាំទ្រសុខភាពភូមិ បុគ្គលិកមណ្ឌលសុខភាព និងគណៈកម្មការសមាគមមនុស្សចាស់ដែលមកពីភូមិគោលដៅចំនួន ៥៧ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

សកម្មភាពអប់រំសុខភាពបឋមចំនួន ២៣៤លើក ត្រូវបានរៀបចំឡើងក្នុងភូមិចំនួន ៣៩ ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ សមាគមមនុស្សចាស់នីមួយៗរៀបចំសកម្មភាពពិនិត្យសុខភាពបឋមនៅក្នុងភូមិរបស់ពួកគេ ដោយមានការសម្របសម្រួលពីបុគ្គលិកមណ្ឌលសុខភាព និងអ្នកស្មគ្រចិត្តគាំទ្រសុខភាពភូមិ។

នៅក្នុងកម្មវិធីអប់រំសុខភាពបឋម មនុស្សចាស់បានរៀនសូត្រ និងយល់ដឹងអំពីការការពារសុខភាព ពីជំងឺមិនឆ្លងដែលឧស្សាហ៍ឃើញកើតមានដូចជា ជំងឺលើសឈាម មហារីក ទឹកនោមផ្អែម និងរលាកសន្លាក់។ សមាជិកសមាគមត្រូវបានពិនិត្យសម្ពាធឈាម ទទួលថ្នាំ និងវីតាមីនមួយចំនួនបន្ទាប់ពីទទួលបានការពិនិត្យ និងពិគ្រោះយោបល់ពីបុគ្គលិកមណ្ឌលសុខភាព។ នៅពេលរសៀល បុគ្គលិកមណ្ឌលសុខភាពធ្វើការពិគ្រោះយោបល់ជាឯកជននៅតាមផ្ទះដែលមានមនុស្សចាស់មានសុខភាពខ្សោយ និងឈឺធ្ងន់។

ការអប់រំសុខភាពបឋម បានចូលរួមលើកកម្ពស់ភាពសកម្ម និងសុខុមាលភាពរបស់មនុស្សចាស់ និងក្រុមគ្រួសាររបស់គាត់ផងដែរ។ សមាជិកសមាគមមានភាពជឿជាក់ថាពួកគាត់អាចទទួលបានភាពជាម្ចាស់លើសុខភាពរបស់ពួកគាត់ ដោយអនុវត្តចំណេះដឹង ថ្មីៗរបស់គាត់ក្នុងការការពារ និងព្យាបាលជំងឺ។